Arbeitsaufnahme Foto: © colourbox.de

ឯកសារសំខាន់ៗនៅពេលចាប់ផ្តើមធ្វើការងារ

អ្នករកបានកន្លែងធ្វើការងារជាប់មួយនៅប្រទេសអាល្លឺម៉ង់បានហើយឬ? ពេលនោះគឺអ្នកទៅជានិយោជិត ហើយ។ អ្នកត្រូវមានឯកសារមួយចំនួនសម្រាប់និយោជករបស់អ្នក។ ជាបឋមគឺអ្នកត្រូវមានលិខិតបញ្ជាក់ថា អ្នកមានការធានារ៉ាប់រងជម្ងឺហើយ។ ក្រុមហ៊ុនធានារ៉ាប់រងជម្ងឺ (Krankenkasse/Krankenversicherung)ជាអ្នកចេញលិខិតបញ្ជាក់នោះអោយអ្នក។ នៅប្រទេសអាល្លឺម៉ង់ជនគ្រប់រូបត្រូវតែមានការធានារ៉ាប់រងជម្ងឺ។ ក្នុងករណីជាច្រើនអ្នកក៏ត្រូវមានព្រឹត្តិបត្រថ្កោលទោស (polizeiliches Führungszeugnis) ដែរ។ មន្ទីរចុះឈ្មោះពលរដ្ឋជាអ្នកចេញឯកសារនេះអោយអ្នក។ 

ការធានារ៉ាប់រង និងពន្ធដារ

ក្នុងលក្ខណៈជានិយោជិតអ្នកក៏មានការធានារ៉ាប់រងប្រាក់និវត្តន៍ និងការធានារ៉ាប់រងពេលគ្មានការងារធ្វើដែរ។ក៏ប៉ុន្តែកិច្ចការនេះអ្នកពុំបាច់ធ្វើដោយខ្លួនឯងទេ ព្រោះការធានារ៉ាប់រងនេះអ្នកបានដោយស្វ័យប្រវត្តិ។និយោជកបង់វិភាគទានការធានារ៉ាប់រងជម្ងឺ និងការធានារ៉ាប់រងប្រាក់និវត្តន៍របស់អ្នកមួយភាគ។ មួយភាគទៀតគឺអ្នកត្រូវបង់ខ្លួនឯង។ វិភាគទាននេះគេកាត់ជាស្វ័យប្រវត្តិពីបៀវត្សរ៍/ប្រាក់ឈ្នួលរបស់អ្នក។ អ្នកក៏ត្រូវមានលេខពន្ធដារមួយ និងប័ណ្ណពន្ធប្រាក់ឈ្នួលអេឡិចត្រូនិច (Lohnsteuerkarte)មួយដែរ។ មន្ទីរហិរញ្ញវត្ថុជាអ្នកចេញឯកសារទាំងពីរនេះអោយអ្នក។ អ្នកពុំបាច់ផ្ទេរប្រាក់បង់ពន្ធទាំងនោះដោយខ្លួនឯងទេ។ មន្ទីរហិរញ្ញវត្ថុកាត់យកពន្ធនោះដោយផ្ទាល់ពីបៀវត្សរ៍/ប្រាក់ឈ្នួលរបស់អ្នក។

កិច្ចសន្យាការងារ

និយោជិតគ្រប់រូបសុទ្ធតែបានទទួលកិច្ចសន្យាការងារមួយ។ អ្នក និងនិយោជកចុះហត្ថលេខានៅលើកិច្ចសន្យាការងារនោះ។ អ្នកត្រូវអានកិច្ចសន្យាការងារនោះអោយបានច្បាស់ មុននឹងចុះហត្ថលេខាលើកិច្ចសន្យានោះ។ បើអ្នកពុំច្បាស់ខ្លួនឯងក្នុងរឿងនេះទេ អ្នកអាចទៅសួរនាំគេបានគឺ សម្រាប់មនុស្សពេញវ័យទៅសួរនៅកន្លែងពិគ្រោះផ្នែកអន្តោប្រវេសន៍សម្រាប់ជនអន្តោប្រវេសន៍ពេញវ័យ (Migrationsberatung für erwachsene Zuwanderer)។ ហើយសម្រាប់យុវជន ឬមនុស្សពេញវ័យមានវ័យក្មេងរហូតដល់អាយុ ២៧ ឆ្នាំ គេអាចទៅរកពត៌មាននៅស្ថាប័នការងារអន្តោប្រវេសន៍យុវជន (Jugendmigrationsdienst)បាន។ នៅក្នុងកិច្ចសន្យាការងារគេកំណត់ពីបញ្ញត្តិអ្វីៗទាំងអស់។ អ្នក និងនិយោជកត្រូវគោរពបញ្ញត្តិទាំងនោះ។ ឧទាហរណ៍ តើអ្នកបានប្រាក់ខែប៉ុន្មាន? តើអ្នកបានពេលឈប់សម្រាកប៉ុន្មានថ្ងៃ? តើអ្នកត្រូវធ្វើដូចម្តេច បើអ្នកឈឺ? 

នៅពេលចាប់ធ្វើការដំបូង ជាធម្មតាគឺអ្នកត្រូវធ្វើការក្នុងដំណាក់កាលសាកល្បងសិន។ ដំណាក់កាលសាកល្បងមានរយៈពេលខុសៗគ្នា។ ជួនកាលវាមានរយៈពេលត្រឹមតែពីរបីអាទិត្យ ជួនកាលរហូតដល់កន្លះឆ្នាំ។នៅក្នុងដំណាក់កាលនេះនិយោជកពិនិត្យមើលអ្នកយ៉ាងជាក់លាក់។ គេធ្វើសេចក្តីសម្រេចថា តើគេទទួលយកអ្នកអោយធ្វើការនៅក្នុងក្រុមហ៊ុនគេជាបន្តទៅទៀតបន្ទាប់ពីដំណាក់កាលសាកល្បងនេះទៅឬក៏យ៉ាងណា។ ហើយអ្នកក៏ត្រូវសម្រេចដែរថា តើអ្នកចង់ធ្វើការងារនេះតទៅទៀតដែរឬទេ បន្ទាប់ពីពេល ដែលដំណាក់កាលសាកល្បងចប់ទៅ។ នៅក្នុងដំណាក់កាលសាកល្បងនេះថិរវេលាបញ្ចប់កិច្ចសន្យាមានរយៈពេលខ្លីជាងធម្មតា​ (ភាគច្រើនគឺពីពីរទៅបីអាទិត្យ) បន្ទាប់ពីនោះមកគឺ តាមធម្មតាវាមានរយៈពេល ៣ ខែ។

ការងារបន្តិចបន្តួច

នៅប្រទេសអាល្លឺម៉ង់ក៏មានការងារបន្តិចបន្តួច/​ការងារ៤៥០អឺរ៉ូ ដែរ។ ការងារបន្តិចបន្តួចជាការងារ ដែលបានទទួលប្រាក់ត្រឹមតែ៤៥០អឺរ៉ូតែប៉ុណ្ណោះក្នុងមួយខែ។ នៅក្នុងការងារនេះអ្នកក៏មានការធានារ៉ាប់រងជម្ងឺ និងការធានារ៉ាប់រងប្រាក់និវត្តន៍ជាស្វ័យប្រវត្តិដែរ។ ក៏ប៉ុន្តែមានតែនិយោជករបស់អ្នកទេ ដែលត្រូវបង់ប្រាក់សម្រាប់ការធានារ៉ាប់រងទាំងនេះ។ អ្នកពុំត្រូវបង់អ្វីទេ។ ក៏ប៉ុន្តែអ្នកពុំមានការធានារ៉ាប់រងពេលគ្មានការងារធ្វើទេ។

ការប្រកបរបរឯករាជ្យ 

តើអ្នកប្រកបរបរឯករាជ្យ គឺបានន័យថាពុំមែនជានិយោជិតទេឬ? នៅក្នុងករណីនេះអ្នកក៏ត្រូវមានការធានារ៉ាប់រងជម្ងឺដែរ។ ក៏ប៉ុន្តែអ្នកត្រូវបង់ថ្លៃការធានារ៉ាប់រងជម្ងឺដោយខ្លួនឯង។ វាជាការប្រសើរដែរ បើអ្នកមានការធានារ៉ាប់រងប្រាក់និវត្តន៍។ នៅក្នុងមុខរបរខ្លះដូចជា សិប្បករ ឬក៏ឆ្មប គេត្រូវតែមានការធានារ៉ាប់រងប្រាក់ និវត្តន៍។ អ្នកត្រូវទៅសុំលេខពន្ធដារមួយនៅមន្ទីរហិរញ្ញវត្ថុ។ មន្ទីរហិរញ្ញវត្ថុចង់ដឹងថា តើអ្នករកចំណេញបានប្រហែលប៉ុន្មានក្នុងមួយឆ្នាំ។ បន្ទាប់មកគេសម្រេចថា តើអ្នកត្រូវបង់ពន្ធប៉ុន្មាន។ ពន្ធនោះអ្នកត្រូវបង្វិលផ្ទេរទៅអោយគេ។ បើអ្នកចង់បើកក្រុមហ៊ុនខ្លួនឯងមួយ អ្នកត្រូវការអាជ្ញាប័ណ្ណអាជីវកម្ម។ អ្នកត្រូវទៅសុំអាជ្ញាប័ណ្ណនេះនៅមន្ទីរអាជីវកម្ម។ អ្នកអាចទៅសួរគេនៅសាលាក្រុងបានថា តើនៅក្នុងក្រុង ឬកន្លែងអ្នករស់នៅមានមន្ទីរអាជីវកម្មនៅឯណា។ បើអ្នកចង់បើកហាង ឬភោជនីយដ្ឋាន អ្នកក៏ត្រូវការអាជ្ញាប័ណ្ណអាជីវកម្មដែរ។

សំណួរគេចោទសួរជាញឹកញាប់

តើខ្ញុំត្រូវមានការធានារ៉ាប់រងជម្ងឺឬទេ?

តើខ្ញុំត្រូវបង់ថ្លៃការធានារ៉ាប់រងប្រាក់និវត្តន៍ឬទេ?

ខ្ញុំត្រូវបង់ពន្ធដារច្រើនណាស់។ តើខ្ញុំធ្វើដូចម្តេច ដើម្បីអាចបន្ថយពន្ធបានខ្លះ?

ខ្ញុំមិនពេញចិត្តនឹងការងារថ្មីរបស់ខ្ញុំនេះទេ។ តើខ្ញុំអាចធ្វើអី្វបាន?