Auf einem Bild, das von einem Kind gemalt wurde, sind Wörter in verschiedenen Sprachen zu sehen. © Goethe-Institut

ជារៀងរាល់ឆ្នាំមានមនុស្សជាច្រើនមកពីប្រទេសនានាចូលមកនៅប្រទេសអាល្លឺម៉ង់។ ប្រជាពលរដ្ឋអាល្លឺម៉ង់ជាង២០%មានសាវតារវប្បធម៌ផ្សេងមួយទៀត។ មនុស្សដូច្នេះជាច្រើនគេចេះភាសាច្រើន។ គេពុំមែននិយាយតែភាសាពីកំណើតរបស់គេតែប៉ុណ្ណោះទេគឺ គេចេះភាសាបរទេសមួយ ឬក៏ច្រើនទៀត។ មនុស្សជាច្រើន ដែលមកនៅប្រទេសអាល្លឺម៉ង់ រៀនភាសាអាល្លឺម៉ង់ជាភាសាបរទេស ឬជាភាសាទីពីរ។ កាលណាគេចេះភាសារបស់ប្រទេស ឬក៏របស់តំបន់ ដែលគេរស់នៅនោះ គឺចេះ(ភាសានៅជុំវិញខ្លួន) គេអាចធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សនៅទីនោះបានយ៉ាងប្រសើរ ហើយងាយយល់ពីអាកប្បកិរិយារបស់អ្នកទាំងនោះ ផង ។

ផលប្រយោជន៍នៃការចេះច្រើនភាសា

ការចេះច្រើនភាសាវាជាសមត្ថភាពដ៏សំខាន់មួយនៅក្នុងពិភពលោកយើងនាពេលបច្ចុប្បន្ននេះ។ ព្រំដែនប្រទេសនានាកាន់តែចំហធំឡើងជាងមុន ហើយមានមនុស្សកាន់តែច្រើន ដែលចេញទៅនៅប្រទេសក្រៅ។ អ្នកដែលចេះភាសាណាមួយទៀតក្រៅពីភាសាខ្លួន អ្នកនោះមានលទ្ធភាពច្រើន។ ទាំងនៅក្នុងជីវិតផ្ទាល់ខ្លួន ក៏ដូចជានៅក្នុងមុខរបរដែរគឺ អ្នកចេះច្រើនភាសាអាចធ្វើជាអន្តរការីរវាងមនុស្ស ដែលមានវប្បធម៌ផ្សេងៗគ្នា បាន។ អ្នកចេះច្រើនភាសាមានសមត្ថភាពអន្តរវប្បធម៌គឺ វាមានន័យថា គេអាចមើលអាកប្បកិរិយាមនុស្សដ៏ទៃតាមទស្សនវិស័យផ្សេងៗបាន។ កូនរបស់ជនអន្តោប្រវេសន៍ ដែលធំដឹងក្តីឡើងនៅប្រទេសអាល្លឺម៉ង់ ភាគច្រើន គេរៀនភាសារបស់ឪពុកម្តាយគេ(ភាសាដើម) តាំងពីតូចមកតែម្តង។ តាមរយៈភាសានេះ គេក៏រៀនយល់យ៉ាងច្រើនអំពីវប្បធម៌ និងប្រពៃណីរបស់មាតុប្រទេសឪពុកម្តាយគេដែរ។ ឯភាសាអាល្លឺម៉ង់វិញគឺគេច្រើនរៀនតាមរយៈការទាក់ទងគ្នា និងការលេងជាមួយក្មេងដ៏ទៃទៀត និងជាមួយមនុស្សធំ ដូចជានៅកន្លែងមើលកុមារប្រចាំថ្ងៃ ឬក៏នៅសាលាជាដើម។ ក្មេងទាំងនេះចេះច្រើនភាសា (ចេះពីរភាសា)។

អត្ថន័យរបស់ភាសាអាល្លឺម៉ង់

មនុស្សពេញវ័យត្រូវតែរៀនភាសាអាល្លឺម៉ង់ ពីព្រោះមានតែធ្វើដូច្នេះទេ ទើបគេអាចនិយាយទាក់ទងជាមួយនឹងមនុស្សម្នាទាំងឡាយនៅប្រទេសអាល្លឺម៉ង់បាន។ ការចេះភាសានៅជុំវិញខ្លួនក៏ផ្តល់ជំនួយយ៉ាងធំដែរដល់សមាហរ័ណកម្ម។ សម្រាប់កុមារវិញគឺ ការចេះភាសាអាល្លឺម៉ង់ច្បាស់វាជាប្រការចាំបាច់ បើគេចង់ចូលរៀននៅក្នុងសាលាអាល្លឺម៉ង់។

zwei Puppen mit unterschiedlicher Hautfarbe sitzen sich in einem Puppenbett gegenüber. © Goethe-Institut

ការបញ្ចូល និងការបញ្ចេញ

ការបញ្ចូល (Input )និងការបញ្ចេញ (Output )មានសារសំខាន់ណាស់នៅក្នុងការរៀនភាសាមួយ។ ការបញ្ចូលគឺភាសា ដែលគេស្តាប់ឮ និងដែលគេអាន។ មនុស្សត្រូវមានទំនាក់ទំនងយ៉ាងទៀងទាត់ជាមួយនឹងភាសា ជាពិសេសគឺគេត្រូវនិយាយភាសានៅក្នុងសភាពការណ៍ជាក់ស្តែង។ ការបញ្ចូលត្រូវមានគុណភាពខ្ពស់គឺត្រូវមានប្រភពចេញមកពីអ្នកនិយាយភាសាដើមបានល្អ។ ការអានសៀវភៅជម្រើសអោយកុមារតូចៗស្តាប់គឺជាទ្រង់ទ្រាយដ៏ប្រសើរមួយសម្រាប់ការបញ្ចូល។


ទន្ទឹមនឹងការបញ្ចូល ការបញ្ចេញ (Output) ក៏សំខាន់ណាស់ដែរ។ ការបញ្ចេញគឺ ភាសាដែលគេផលិតចេញមកនោះ បានន័យថា ភាសាគេនិយាយ ឬក៏សរសេរ។ កត្តាដែលសំខាន់នោះគឺ​ គេត្រូវចេះប្រើប្រាស់ភាសានោះ។ ដើម្បីនិយាយភាសាមួយអោយបានល្អ គេត្រូវមានឱកាសអោយច្រើនសម្រាប់ប្រើប្រាស់ភាសានេះនៅក្នុងសភាពការណ៏ជាក់ស្តែង។ ការនិយាយ និងការសរសេរគឺជាលទ្ធភាពហាត់រៀនភាសាយ៉ាងសំខាន់ និងយ៉ាងប្រសើរ។

បើអ្នកមិននិយាយភាសាអាល្លឺម៉ង់ជាមួយនឹងកូនអ្នកនៅផ្ទះទេ ហើយនិយាយភាសាដើមរបស់អ្នកវិញនោះ គឺអ្នកមានលទ្ធភាពផ្សេងៗច្រើននៅក្នុងរឿងនេះ

អត្ថន័យរបស់ភាសាគ្រួសារ

នៅក្នុងគ្រួសារជាច្រើនម្តាយនិងឪពុកនិយាយភាសាដូចគ្នា។ ភាសា ដែលជនអន្តោប្រវេសន៍និយាយនោះគឺវា ស្ទើរតែទូទៅទៅហើយ ពុំមែនភាសាអាល្លឺម៉ង់ទេ។ ដើម្បីអោយក្មេងអាចរៀនភាសាគ្រួសារបាន គេត្រូវនិយាយភាសាគ្រួសារនៅផ្ទះ។ តាមរយៈនេះក្មេងនោះអាចបង្កើតចំណងចិត្តជាមួយភាសាដើម និងវប្បធម៌ដើមរបស់ខ្លួនបាន។

ភាសាដើម (ភាសាទីមួយ ឬភាសាគ្រួសារ) របស់ក្មេង និងមនុស្សធំជាមធ្យោបាយពាំនាំមកនូវពត៌មានវប្បធម៌ ប្រពៃណី និងតម្លៃសង្គមនានា។ គ្រួសារទាំងឡាយពុំត្រូវឈប់និយាយភាសាដើមរបស់ខ្លួនឡើយ។ គេត្រូវតែប្រើប្រាស់ភាសាគ្រួសារនេះនៅផ្ទះជាមួយនឹងកូន។ វាជាប្រការសំខាន់ ដែលកូនត្រូវតែចេះភាសាទីមួយរបស់ខ្លួនអោយច្បាស់។ មូលដ្ឋានភាសាទីមួយល្អគឺជាលក្ខណៈបង្កដ៏ប្រសើរបំផុតសម្រាប់រៀនភាសាដ៏ទៃទៀត អោយបានកម្រិតខ្ពស់។ នៅតាមក្រុងធំៗមានកន្លែងមើលកុមារប្រចាំថ្ងៃខ្លះមានលក្ខណៈទ្វេភាសា (និយាយពីរភាសា) ឬក៏ត្រីភាសា (និយាយបីភាសា)។

Vor einer Weltkarte hängt ein Wandkalender auf Burmesisch mit deutschen Notizen. © Goethe-Institut

ម្នាក់ មួយ ភាសា

នៅក្នុងគ្រួសារខ្លះម្តាយនិងឪពុកនិយាយភាសាមិនដូចគ្នាទេ។ ឪពុកម្តាយជាច្រើនប្រើវិធី ម្នាក់មួយភាសាគឺ ម្តាយឪពុកម្ខាងៗនិយាយភាសាដើមរបស់ខ្លួនជាមួយកូន។ ភាសាគ្រួសារគឺ ភាសាដែលឪពុកម្តាយទាំងពីរនាក់ និងកូននិយាយជាមួយគ្នានោះជួនកាលវាជាភាសារបស់ភាគីឪពុកម្តាយណាមួយ (ភាសារបស់ឪពុក ឬភាសារបស់ម្តាយ)។ ជួនកាលវាជាភាសាទីបីណាមួយទៀត ដែលឪពុកម្តាយអាចនិយាយ ជាមួយគ្នាបានយ៉ាងល្អ។​

ជ្រុងជ្រោយសំខាន់ៗនៅក្នុងការអប់រំអោយនិយាយច្រើនភាសា

អ្វីដែលសំខាន់នៅក្នុងការអប់រំអោយនិយាយច្រើនភាសានោះគឺ ឪពុកម្តាយមានចំណងចិត្តជាប់ជាមួយនឹងភាសារបស់ខ្លួន។ យកប្រសើរគឺ ម្តាយ ឬឪពុកនិយាយភាសាដើមរបស់ខ្លួន (ភាសាទីមួយ) ជាមួយនឹងកូន។ បើគេមានភាសាគ្រួសារណាមួយ គេត្រូវតែប្រើភាសានេះនៅផ្ទះ។ បើកូនពុំចង់និយាយភាសាណាមួយទេ គេមិនត្រូវបង្ខំកូនអោយនិយាយភាសានោះទេ។ ភាគច្រើនគឺវាគ្រាន់តែជាការមិនចង់មួយរយៈតែប៉ុណ្ណោះ ហើយបន្តិចទៅវាក៏កន្លងផុតទៅវិញទៅ។ ឪពុកម្តាយត្រូវប្រយ័ត្ន មិនត្រូវលាយល្បាយភាសាផ្សេងៗច្រើនពេកនៅក្នុងការនិយាយស្តីរបស់ខ្លួនឡើយ។ ឪពុកម្តាយ ដែលមានជំហរវិជ្ជមានចំពោះភាសារបស់ខ្លួនគឺជាកត្តាលើកទឹកចិត្តដ៏ប្រសើរសម្រាប់ ដើម្បីអោយកូនរៀនភាសារបស់ឪពុកម្តាយខ្លួន។

ការឧបត្ថម្ភដល់ភាសាទីមួយរបស់កូនសំខាន់ណាស់។ ហើយការឧបត្ថម្ភដល់ភាសានៅជុំវិញខ្លួនក៏វាសំខាន់ដូចគ្នានេះដែរ។

មានកន្លែងពិគ្រោះជាច្រើនផ្តល់ជំនួយ និងការឧបត្ថម្ភនៅក្នុងរឿងការអប់រំពហុភាសា។ ក្រុង និងឃុំជាច្រើនមានការិយាល័យ ឬក៏កន្លែងដែលគេធ្វើកិច្ចការអន្តរវប្បធម៌។ នៅទីនោះមានអ្នកផ្តល់ពត៌មានអំពីកម្មវិធីភាសា និងវប្បធម៌ និងដំបូន្មានមានប្រយោជន៍ផ្សេងៗ។ ស្ថាប័នឯកជនក៏មានកន្លែងពិគ្រោះដែរ។ ក្រៅពីនេះមានមជ្ឈមណ្ឌលជាច្រើន ដែលយកចិត្តទុកដាក់ទៅលើការប្រើភាសាច្រើន និងពហុភាពវប្បធម៌។ បើគេរកមើល កន្លែងពិគ្រោះផ្នែកអន្តរវប្បធម៌​ (interkulturelle Beratungsstelle) ឬកន្លែងពិគ្រោះពហុភាសា (mehrsprachige Beratungsstelle) នៅក្នុងអ៊ីធើណេត គេនឹងឃើញមានការតភា្ជប់ និងការណែនាំជា ច្រើន។

ការជួយឧបត្ថម្ភចំណេះភាសាអាល្លឺម៉ង់ដល់កុមារ

រដ្ឋសហព័ន្ធនិមួយៗសុទ្ធតែមានកម្មវិធី វិធី និងគម្រោងផែនការខ្លួនសម្រាប់ជួយឧបត្ថម្ភដល់ចំណេះភាសា អាល្លឺម៉ង់របស់កុមារនៅកន្លែងមើលកុមារប្រចាំថ្ងៃ និងនៅសាលាបឋមសិក្សា។ បើមានកុមារណាម្នាក់មិនទាន់ចេះភាសាអាល្លឺម៉ង់ច្បាស់ទេ គេនឹងរៀបកម្មវិធីឧបត្ថម្ភចំណេះភាសាដល់កុមារនោះ ដូចជាតាមរយៈការបង្រៀនភាសាអាល្លឺម៉ង់ជាមុន (Vorkurs Deutsch) ឬក៏តាមការបង្រៀននៅថ្នាក់ឧបត្ថម្ភភាសាអាល្លឺម៉ង់(Deutsch-Förderklasse)។ បើកុមារត្រូវការជំនួយច្រើនជាងនោះនៅក្នុងការរៀនភាសាអាល្លឺម៉ង់ គេមានកន្លែងពិគ្រោះ ដែលផ្តល់ដំបូន្មាន និងពត៌មាននានានៅក្នុងរឿងនេះ។

ការឧបត្តម្ភចំណេះភាសាដើម

គេអាចផ្តល់ការឧបត្ថម្ភភាសាទីមួយរបស់កូនបានទាំងនៅផ្ទះ ក៏ដូចជានៅតាមស្ថាប័នផ្សេងៗដែរ។ ដើម្បីជួយពង្រឹងភាសាគ្រួសារដល់កូន ម្តាយឪពុកត្រូវអានរឿងអោយកូនស្តាប់ដោយទៀងទាត់ ច្រៀងចម្រៀងជាមួយកូន និងលេងជាមួយកូន។ គេអាចទូរស័ព្ទជាមួយបងប្អូន ឬក៏ទាក់ទងតាម skype ក៏បានដែរ។ បើអ្នកស្គាល់គ្រួសារណា ដែលមានប្រភពភាសា និងវប្បធម៌ដូចគ្នា អ្នកអាចអោយកូនៗលេងជាមួយគ្នា និងនិយាយភាសាដើមនោះជាមួយគ្នា។

ស្ថានកុងស៊ុល និងសមាគមជាច្រើនមានរៀបចំកម្មវិធីឧបត្ថម្ភភាសាគ្រួសារដល់ក្មេងដែលចូលរៀននៅ សាលា។ នៅក្នុងម៉ោងរៀននោះក្មេងរៀនអាន និងសរសេរភាសាទីមួយរបស់ខ្លួន។ គេទទួលពត៌មានអំពីការរស់នៅ និងប្រពៃណីនៅប្រទេសដើមរបស់គេ។ នៅរដ្ឋសហព័ន្ធខ្លះមានការឧបត្ថម្ភភាសាដើមនៅតាមសាលាធម្មតាដែរ។ មុខវិជ្ជានេះគេហៅថា មុខវិជ្ជាបន្ថែមភាសាដើម (muttersprachlicher Ergänzungsunterricht - MUE)។



នៅក្នុងអ៊ីនធើណេតគេអាចរកឃើញសមាគម និងអង្គការជាច្រើនរបស់ក្រុមអ្នកមានភាសា និងវប្បធម៌ណាមួយ ដូចជាក្រុមក្មេងលេង សមាគមកីឡា ឬក៏វង់អ្នកជួបគ្នាជារឿយៗ។ តាមរយៈការជួបគ្នាទាំងនេះទាំងកូន ក៏ដូចជាឪពុកម្តាយដែរគឺមានឱកាសនិយាយភាសាគ្រួសារ និងភាសាដើមរបស់ខ្លួន។

Further questions? Write us via the contact form. We will forward your questions anonymously to the advisors of the youth migration services.

Contact form