In einem Zimmer steht ein rotes Kinderfahrrad, Kinder-Gummistiefel und Schuhe eines Erwachsenen. © Goethe-Institut

ពេលមានផ្ទៃពោះ

រឿងទាក់ទងនឹងកូនវាចាប់ផ្តើមតាំងពីពេលមានផ្ទៃពោះមកម៉្លេះ។ បើអ្នកមានសំណួរអ្វីទាក់ទងនឹងរឿងមានផ្ទៃពោះ សូមអ្នកអញ្ជើញទៅកន្លែងពិគ្រោះពេលមានផ្ទៃពោះ។ 

ពេលមានផ្ទៃពោះអ្នកត្រូវទៅពេទ្យព្យាបាលរោគស្រ្តីអោយបានទៀងទាត់។ ពេទ្យនោះឆ្លើយសំណួរអ្នក និងពិនិត្យសុខភាពកូនអ្នក។ ឆ្មបក៏មានភារកិច្ចប្រហាក់ប្រហែលគ្នានេះដែរ។ គាត់ផ្តល់ការពិគ្រោះដល់អ្នក ហើយជួយអ្នកនៅពេលមានផ្ទៃពោះ និងនៅក្រោយពេលឆ្លងទន្លេរួចហើយ។ ឆ្មបមានវត្តមាននៅពេល ដែលអ្នកកំពុងសម្រាលកូន។ ពេទ្យរបស់អ្នកអាចជួយរកពេទ្យព្យាបាលរោគស្រ្តី ឬក៏ឆ្មបអោយអ្នកបាន។ មានស្រ្តីជាច្រើនគេទៅចូលរួមក្នុងវគ្គត្រៀមសម្រាលកូន។ នៅទីនោះគេផ្តល់ពត៌មានជាច្រើនដល់អ្នកអំពីការសម្រាលកូន។ ហើយអ្នកក៏មានឱកាសបានស្គាល់ស្រ្តីមានផ្ទៃពោះដ៏ទៃទៀតដែរ។

Auf einem Tisch liegt ein Ultraschallbild eines Ungeborenen. © Goethe-Institut

ការការពារមាតា ពេលឈប់សម្រាកមើលកូន និងប្រាក់ឧបត្ថម្ភឪពុកម្តាយ

បើអ្នកមានកន្លែងធ្វើការជាប់ អ្នកអាចចាប់ផ្តើមឈប់តាមការការពារមាតា (Mutterschutz)តាំងពីមុនពេលសម្រាលកូនបាន គឺមានន័យថា នៅពេលនោះអ្នកពុំបាច់ទៅធ្វើការទេ។ នៅក្នុងមុខរបរភាគច្រើនគឺពេលនោះចាប់ផ្តើម ៦ អាទិត្យមុនពេលសម្រាលកូន។ ការការពារមាតាមានរយៈពេលសរុបយ៉ាងតិចបំផុត ១៤ អាទិត្យ។ គេអាចពន្យារយៈពេលនេះបាន។ នៅក្នុងរយៈពេលនេះនិយោជកពុំអាចបញ្ចប់កិច្ចសន្យាការងារជាមួយអ្នកបានទេ។ បន្ទាប់ពីពេលការពារមាតាកន្លងផុតទៅ អ្នកអាចយកពេលឈប់សម្រាកមើលកូន (Elternzeit) បាន គឺមានន័យថា អ្នកអាចនៅផ្ទះបានរហូតដល់កូនមានអាយុ ៣ ឆ្នាំ។ បន្ទាប់ពី​បីឆ្នាំនោះមកអ្នកអាចត្រឡប់មកធ្វើការវិញបាន។ 

នៅក្នុងរយៈពេល ១២ខែដំបូងគេទទួលប្រាក់ឧបត្ថម្ភឪពុកម្តាយ ដែលឈប់សម្រាក ដើម្បីមើលកូន។ បើ សហព័ទ្ធអ្នកគាត់យកពេលឈប់សម្រាកដើម្បីមើលកូនដែរ គឺពេលឈប់សម្រាកមើលកូនមានរយៈពេល ១៤ ខែ។ ប្រាក់ឧបត្ថម្ភឪពុកម្តាយនោះគេគិតទៅតាមប្រាក់បៀវត្សរ៍សុទ្ធរបស់អ្នក។ គេត្រូវដាក់ពាក្យសុំបា្រក់ឧបត្ថម្ភឪពុកម្តាយនេះ។ គេក៏បានប្រាក់នេះដែរ ទោះបីជាគេគ្មានកន្លែងធ្វើការក៏ដោយ។ បន្ថែមពីលើនេះ អ្នកក៏អាចដាក់ពាក្យសុំប្រាក់ឧបត្ថម្ភកូនបានដែរ។ ប្រាក់ឧបត្ថម្ភកូនគេបើកអោយយ៉ាងតិចណាស់ក៏រហូតទៅដល់ពេល ដែលកូនអ្នកមានអាយុ១៨ឆ្នាំ ដែរ។

វិធានការបង្ការមុនផ្នែកសុខភាព

កុមារត្រូវទៅពេទ្យដោយទៀងទាត់។ ពេទ្យកត់ត្រារាល់ការពិនិត្យទាំងអស់ចូលក្នុងប័ណ្ណពិសេសមួយ។ វាជាការពិនិត្យមើលបង្ការជាមុន។ ទោះបីជាកូនអ្នកមិនមានឈឺអ្វីក៏ដោយ ក៏អ្នកត្រូវតែធ្វើដូច្នេះដែរ។ ពេទ្យកុមារក៏ចាក់ថ្នាំបង្ការរោគអោយកូនអ្នកដែរ។

ការជួយមើលកូន

បើអ្នកចង់ឆាប់ចូលធ្វើការវិញ អ្នកត្រូវរកអ្នកជួយមើលកូនអ្នកម្នាក់។ អ្នកមានលទ្ធភាពច្រើនក្នុងរឿងនេះ។ ក្មេងក្រោមអាយុ​ ៣ ​ឆ្នាំ គេអាចយកទៅដាក់នៅកន្លែងមើលកុមារតូច (Kinderkrippe) ឬក៏កន្លែង អ្នកមើលក្មេងប្រចាំថ្ងៃ (Tagesmutter/Tagesvater) បាន។ កុមារចាប់ពីអាយុបីឆ្នាំទៅអាចទៅមត្តេយ្យ សាលា (Kindergarten) ឬក៏កន្លែងមើលកុមារប្រចាំថ្ងៃ (Kindertagestätte) បាន (សូមអាន “ការជួយឧបត្ថម្ភពីតូចទៅ”)។ កុមារចាប់ពីអាយុ ៦ ទៅ ៧ឆ្នាំ ត្រូវចូលរៀននៅសាលា ពីព្រោះវាមានកាតព្វកិច្ចរៀន (“សូមអាន សាលា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ”)។ បើអ្នកត្រូវធ្វើការ កូនអ្នកអាចទៅសាលាពេញមួយថ្ងៃ (Ganztagsschule) បាន ឬក៏ទៅទីសំណាក់ប្រចាំថ្ងៃ (Hort) បាន បន្ទាប់ពីពេលចេញពីសាលាទៅ ។ កូនអ្នកអាច​នៅទីនោះបានរហូតដល់ម៉ោង ៤ ឬក៏ម៉ោង ៥ ល្ងាច។ ក្នុងករណីភាគច្រើនគឺ កូនអ្នកក៏អាចបរិភោគអាហារថ្ងៃត្រង់នៅទីនោះបានដែរ។

Ein Kind sitzt mit Badeanzug und Schwimmflügeln zusammen mit dem Vater an einem See. © Goethe-Institut

ការប្រើប្រាស់ពេលទំនេរ

នៅពេលទំនេរអ្នកអាចធ្វើអ្វីៗបានជាច្រើនជាមួយកូនអ្នក : នៅខាងក្រៅមានសួនសម្រាប់កុមាររត់លេង។ ក្មេងធំបន្តិចអាចចូលក្នុងសមាគមកីឡាណាមួយបាន។ នៅខែក្តៅមានកន្លែងហែលទឹកគ្រប់កន្លែង។ នៅខែត្រជាក់គេអាចទៅហែលទឹកនៅកន្លែងហែលទឹក ដែលស្ថិតនៅក្នុងអគារមួយបាន។ នៅពេលវិស្សមកាល ក្រុងទាំងឡាយរៀបចំកម្មវិធីពិសេសសម្រាប់កុមារ ដោយពុំសូវយកកម្រៃខ្ពស់ទេ។ ពត៌មានអំពីរឿងនេះមាននៅមន្ទីរយុវជន និងនៅសាលាក្រុងរបស់ក្រុងអ្នក។ សមាគមជាច្រើនក៏រៀបចំកម្មវិធីពិសេសសម្រាប់កុមារដែរ (សូមអាន “ពេលទំនេរ”)។ 

ក្មេងអាល្លឺម៉ង់ភាគច្រើនចូលចិត្តធ្វើបុណ្យខួបកំណើតនៅផ្ទះរបស់គេ។ គេហៅក្មេងដ៏ទៃទៀតអោយទៅចូល រួម។ បើកូនអ្នកបានទទួលការហៅអោយទៅចូលរួមបុណ្យ ហើយកូនអ្នកទៅចូលរួមបុណ្យនឹងគេ កូនអ្នកនឹងរកបានមិត្តភក្តិយ៉ាងឆាប់រហ័ស។ ជួនកាលក្មេងខ្លះហៅក្មេងដ៏ទៃទៀតអោយទៅគេងនៅផ្ទះរបស់គេ។ ការធ្វើដូច្នេះក៏អាចជួយអោយកូនរបស់អ្នកឆាប់រកមិត្តភក្តិបានដែរ។

Video International Sign

សំណួរគេចោទសួរជាញឹកញាប់

Further questions? Write us via the contact form. We will forward your questions anonymously to the advisors of the youth migration services.

Contact form